ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមក ជាពិសេស ការចូលរួមសហការក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។
ឯកឧត្តម ហេង សួរ បានលើកឡើងថា ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។ ឯកឧត្តមបន្ថែមថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើប TVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះ បានបង្ហាញឱ្យឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន។
សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ មានរយៈពេល២ថ្ងៃ ថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤។ ទិវាជាតិនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដើម្បីទាក់ទាញឲ្យសាធារណជន ក៏ដូចជាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញលើកទឹកចិត្តឲ្យកូនងាកមករៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
អត្ថបទ ÷ ឈិត បូរ៉ាវី
















