សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរដល់បងប្អូន ម៉ូស្លីមកម្ពុជា ក៏ដូចជាបងប្អូនម៉ូស្លីមទាំងអស់នៅទូទាំងពិភពលោកក្នុងឱកាសបុណ្យរ៉ាយ៉ាហាជី ខណៈ បុណ្យដ៏ធំមួយនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានបងប្អូន ម៉ូស្លីមជាងពីរលាននាក់ចូលរួមនៅទួទាំងពិភពលោក ដោយក្នុងនោះក៏មានម៉ូស្លីមកម្ពុជាជិតមួយពាន់នាក់ដែរ។

តាមរយៈឆាណែលតេលេក្រាមផ្ទាល់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនិងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សម្តេច និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន៩១០រូបដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចសាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់នៅជុំវិញសកលលោក ។ តាមរយៈឆាណែលតេលេក្រាមនេះ សម្តេចធិបតីបានបន្ថែមទៀតថា « ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានប្រកាន់យកសាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្មរស់នៅដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបានជោគជ័យ ទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកាតព្វកិច្ចសាសនានេះ ហើយក៏សូមបួងសួងសុំឱ្យបងប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកបដោយសុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់




