មហាអំណាចក្នុងតំបន់ រួមមានប្រេស៊ីល ឥណ្ឌា អាហ្រ្វិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត បានបរាជ័យក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញនៅចុងបញ្ចប់នៃសន្និសីទសន្តិភាពអ៊ុយក្រែន ដែលប្រទេស និងអង្គការអន្តរជាតិជាង ៨០ គាំទ្របូរណភាពទឹកដីរបស់ខ្លួន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។

ថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងប្រទេសស្វីសកាលពីថ្ងៃទី១៥ដល់១៦មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍ចំពោះជំហានដំបូងឆ្ពោះទៅរកសន្តិភាព ប៉ុន្តែបានទទួលស្គាល់ថា មិនមែនអ្នកចូលរួមទាំងអស់សុទ្ធតែបានគាំទ្រនោះទេ ។
លោកបាននិយាយថា គួរឲ្យស្ដាយ មានមនុស្សដែលនៅតែមានតុល្យភាព ដោយបន្ថែមថារុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់ពិភពលោក។

ប្រទេសប្រហែល ១០០ បានចូលរួមក្នុងសន្និសិទនៅរមណីយដ្ឋាន ប៊រហ្គិនស្តុក(Bürgenstock) ប៉ុន្តែប្រទេសរុស្ស៊ីពុំត្រូវបានអញ្ជើញទេ ហើយប្រទេសចិនបានបដិសេធមិនចូលរួមព្រឹត្តិការណ៍នេះ។ អ្នកចូលរួមភាគច្រើនមកពីអឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ប៉ុន្តែរួមបញ្ចូលទាំងប្រទេសមកពីតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីផងដែរ។
លោក Zelenskiy បាននិយាយថាភាគីនានាបានយល់ព្រមធ្វើការជាក្រុមពិសេសលើ "ផែនការសកម្មភាពដើម្បីសន្តិភាព" ដែលលោកបាននិយាយថានឹងបើកផ្លូវទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ។
អត្ថបទចុងក្រោយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ៨០ និងអង្គការអន្តរជាតិ រួមទាំងស្ថាប័នសំខាន់ៗចំនួនបីរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧។ អត្ថបទនេះ បាននិយាយថាធម្មនុញ្ញអង្គការសហប្រជាជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពនៃរដ្ឋទាំងអស់ "អាច នឹងបម្រើជាមូលដ្ឋានក្នុងការសម្រេចបាននូវសន្តិភាព យុត្តិធម៌ ដ៏ទូលំទូលាយនិងយូរអង្វែងនៅអ៊ុយក្រែន"៕
