យោងតាមព័ត៌មានបឋមពីអាជ្ញាធរអេក្វាឌ័រកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) បានឱ្យដឹងថា បំណាក់ដីនៅប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និង ៣០ នាក់ទៀតបាត់ខ្លួន។

លេខាធិការដ្ឋានគ្រប់គ្រងហានិភ័យអេក្វាឌ័រ បាននិយាយនៅក្នុងរបាយការណ៍មួយថា បំណាក់ដី «ទ្រង់ទ្រាយធំ» បានកើតឡើងនៅកណ្តាលប្រទេសក្នុងទីក្រុង បានញូស ដឺអាក្វ័រ សាន់តា (Banos de Agua Santa)។
ព្យុះភ្លៀងដ៏ខ្លាំងដែលបង្កឡើងដោយសម្ពាធទាបបានបោកបក់ពាសពេញផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងនៃទ្វីបអាមេរិកកាលពីថ្ងៃអាទិត្យ ដោយប្រទេសផ្សេងៗបានព្រមានអំពីការកើនឡើងហានិភ័យនៃបំណាក់ដី ការបាក់ធ្លាក់ថ្ម និងទឹកជំនន់។
នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបានប្រកាសអាសន្នកម្រិតពណ៌ក្រហម ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសដ៏តូចមួយនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសជិតខាងហ្កាតេម៉ាឡា ជាច្រើនបានបង្វែរជើងហោះហើរ នេះបើយោងតាមក្រសួងទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានរបស់ហ្កាតេម៉ាឡា៕

