ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) ថា ប្រទេសរុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ «សន្តិភាព» នោះទេ ដោយទទូចថាទីក្រុងគីវ បើកចំហសម្រាប់កិច្ចពិភាក្សាភ្លាមៗ ប្រសិនបើទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។

លោក ហ៊្សេឡិនស្គី បានលើកឡើងបែបនេះនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលការទូតដ៏ធំមួយនៅប្រទេសស្វីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ ហើយត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំការគាំទ្រចំពោះសំណើរបស់ទីក្រុងគីវ អំពីមធ្យោបាយដែលសង្រ្គាមគួរតែបញ្ចប់។
លោក ហ៊្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំថា «នេះជាការពិតដែលថារុស្ស៊ី និងថ្នាក់ដឹកនាំរបស់ពួកគេមិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពដ៏ត្រឹមត្រូវនៅឡើយទេ»។
សេចក្តីថ្លែងការណ៍ចុងក្រោយដែលយល់ព្រមដោយរដ្ឋចំនួន ៨០ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះ «បូរណភាពទឹកដី» របស់អ៊ុយក្រែន ហើយបាននិយាយថាការសន្ទនារវាង «ភាគីទាំងអស់» នឹងត្រូវការជាចាំបាច់ដើម្បីបញ្ចប់ជម្លោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីសប្ដាហ៍មុន បានទាមទារឱ្យអ៊ុយក្រែន ដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូង និងខាងកើតនៃប្រទេស ប្រសិនបើខ្លួនចង់ឱ្យសង្រ្គាមបញ្ចប់ ដោយនោះជាការលើកឡើងដែលអ៊ុយក្រែន បដិសេធ៕
