អ្នកឈរមើលយ៉ាងហោចណាស់ពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងពិធី Juneteenth ក្នុងរដ្ឋតិចសាស់កាលពីយប់ថ្ងៃសៅរ៍ ជាឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុជាច្រើននៃអំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបានរំខានដល់ការប្រារព្ធទិវាគុណឪពុកចុងសប្តាហ៍នេះ។
នគរបាលបាននិយាយថា ការឈ្លោះគ្នារវាងមនុស្សពីរក្រុម បានផ្ទុះឡើងដោយការបាញ់ប្រហារនៅឯពិធីបុណ្យ Juneteenth រៀបចំដោយទីក្រុង Round Rock និងចូលរួមដោយគិតថ្លៃ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ហើយការបាញ់ប្រហារបានផ្ទុះឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ប្រហែលមួយម៉ោងមុនពេលពិធីត្រូវបានបញ្ចប់។

យោងតាមស្នងការនគរបាលក្រុង Round Rock លោក អាលែន ប៊ែងស៍ (Allen Banks) នគរបាលបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មិនជាប់ពាក់ព័ន្ធក្នុងជម្លោះនោះទេ ហើយអ្នកឈរមើលជាច្រើននាក់ផ្សេងទៀត ដែលពុំបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួស។
នគរបាលពុំបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងការបាញ់ប្រហារនោះទេ ខណៈអ្នកពាក់ព័ន្ធបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រុមអាជ្ញាធរបានស្នើដល់សាធារណជនទាំងឡាយណា ដែលមានវីដេអូនៃការបាញ់ប្រហារ ឬមានព័ត៌មានទាក់ទងហេតុការណ៍នោះផ្ដល់ឲ្យទៅនគរបាល។
មនុស្ស ៧ នាក់ត្រូវបានបាញ់បណ្ដាលឲ្យរងរបួសក្នុងការបាញ់ប្រហារ នៅក្នុងទីក្រុង ម៉េធូអ៊ីន (Methuen) រដ្ឋ Massachusetts កាលពីព្រឹកថ្ងៃអាទិត្យ។ មនុស្សទី៨ បានរងរបួសពេលរត់គេចខ្លួនពីការបាញ់ប្រហារ៕
