ម៉ាឡេស៊ី៖ ក្រសែភ្នែកទាំងអស់ផ្ដោតលើអនាគតនយោបាយ របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ខណៈដែលលោកត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីប្រកាសអំពីអនាគតនយោបាយរបស់លោក បន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ King Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah នៅថ្ងៃចន្ទ ទី១៦ ខែសីហានេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថា នៅពេលចាកចេញពីលំនៅដ្ឋានរបស់លោកនៅតំបន់ Bukit Damansara នៅម៉ោង ៧.៤២នាទីព្រឹក លោក Muhyiddin ត្រូវបានគេឃើញគ្រវីដៃដាក់បុគ្គលិកសារព័ត៌មាន ដែលបាននៅជុំវិញតំបន់តាំងពីព្រឹកព្រលឹម។ សារព័ត៌មាន The Star បានរាយការណ៍ថា លោកនឹងចូលគាល់ព្រះមហាក្សត្រនៅម៉ោង ១១.៣០នាទីព្រឹក ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។ សារព័ត៌មានក្នុងស្រុក Malaysiakini បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin នឹងលាលែងពីតំណែងនៅថ្ងៃចន្ទនេះ បន្ទាប់ពីបាត់បង់សំឡេងភាគច្រើនដោយសារទំនាស់ នៅក្នុងក្រុមបក្សចម្រុះដែលកំពុងកាន់អំណាច។
ប្រសិនបើមានការបញ្ជាក់ការលាលែងពីតំណែងរបស់លោក Muhyiddin នឹងបញ្ចប់ភាពច្របូកច្របល់រយៈពេល ១៧ខែនៅក្នុងការកាន់តំណែង ប៉ុន្តែក៏នាំមកនូវភាពមិនច្បាស់លាស់បន្ថែមទៀតដល់ប្រទេសម៉ាឡេស៊ីផងដែរ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងវីរុស Covid-19 និងវិបត្តិសេដ្ឋកិច្ច។ គេពុំបានដឹងមិនច្បាស់ភ្លាមៗទេថា អ្នកណាអាចបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយមិនមានសំឡេងភាគច្រើននៅក្នុងសភា ឬថាតើការបោះឆ្នោតអាចត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានជំងឺរាតត្បាតសកល ឬយ៉ាងណា៕
អត្ថបទ៖ សុខមាន