យោងតាមគេហទំព័ររបស់ការិយាល័យពន្ធនាគារសហព័ន្ធ និងប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ដែលត្រូវបានសង្ស័យដោយសហរដ្ឋអាមេរិក ថាមានជាប់ពាក់ព័ន្ធក្នុងផែនការមិនជោគជ័យក្នុងការសម្លាប់អ្នកផ្ដាច់ខ្លួនសាសនាស៊ីក (Sikh) នៅលើទឹកដីអាមេរិក ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ពីសាធារណរដ្ឋឆេក។

បុរសឈ្មោះ នីកហ៊ីល គូបតា (Nikhil Gupta) វ័យ ៥២ ឆ្នាំ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌាដើម្បីសម្លាប់លោក គូប៉ាវ៉ាន ស៊ីញប៉ាននុន (Gurpatwant Singh Pannun) ជាពលរដ្ឋអាមេរិក ដែលតស៊ូមតិដើម្បីអធិបតេយ្យភាពរដ្ឋសម្រាប់អ្នកកាន់សាសនាស៊ីក នៅភាគខាងជើងប្រទេសឥណ្ឌា។

លោក គូបតា បានធ្វើដំណើរទៅកាន់ទីក្រុងប្រាក ពីប្រទេសឥណ្ឌា កាលពីខែមិថុនា ឆ្នាំមុន ហើយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឆេក។ កាលពីខែមុន តុលាការឆេក បានច្រានចោលញត្តិរបស់ជនសង្ស័យរូបនេះដើម្បីគេចពីការបញ្ជូនទៅសហរដ្ឋអាមេរិក ដោយបើកផ្លូវឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆេក ធ្វើបត្យាប័នបុរសរូបនេះ។
ការទម្លាយផែនការធ្វើឃាតប្រឆាំងនឹងអ្នកផ្ដាច់ខ្លួនសាសនាស៊ីក នៅសហរដ្ឋអាមេរិក និងកាណាដា បានសាកល្បងទំនាក់ទំនងជាមួយឥណ្ឌា ដែលលោកខាងលិចមើលឃើញថាជាអ្នកប្រឆាំងទៅនឹងកំណើនឥទ្ធិពលពិភពលោករបស់ចិន។ រដ្ឋាភិបាលឥណ្ឌា បដិសេធការជាប់ពាក់ព័ន្ធនឹងការគម្រោងសម្លាប់ទាំងនោះ៕
