អាជ្ញាធរបាននិយាយថា ចំហេះព្រៃដែលឆាបឆេះនៅភាគពាយព្យនៃទីក្រុង ឡូសអែនជឺលេស (Los Angeles) កាលពីថ្ងៃអាទិត្យ (១៦ មិថុនា) បានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ១.០០០ នាក់ ពីតំបន់កម្សាន្តដ៏ពេញនិយមមួយ និងបានឆាបឆេះលើផ្ទៃដីជិត ៥.០០០ ហិកតា។

ក្រុមពន្លត់អគ្គិភ័យប្រមាណ ៤០០នាក់ ប្រដាប់ដោយរថយន្តពន្លត់អគ្គិភ័យចំនួន ៧០គ្រឿង និងរថយន្តឈូសឆាយពីរគ្រឿង កំពុងប្រយុទ្ធនឹងចំហេះ ដោយពេលនេះមានត្រឹមតែ ២ ភាគរយប៉ុណ្ណោះដែលអាចគ្រប់គ្រងបាន នេះបើយោងតាមនាយកដ្ឋានអគ្គិភ័យរដ្ឋ កាលីហ្វ័រនីញ៉ា (California)។ ចំហេះកំពុងឆេះខ្លាំងនៅភាគខាងត្បូងនៃទីក្រុង ហ្គ័រមែន (Gorman) រដ្ឋកាលីហ្វ័រនីញ៉ា ចម្ងាយប្រហែល ៩៦,៥ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង ឡូសអែនជឺលេស។
នាយកដ្ឋានអគ្គិភ័យរដ្ឋនិយាយថា ចំហេះដែលបានចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍ កំពុងរំកិលទៅភាគអាគ្នេយ៍ ឆ្ពោះទៅបឹងពីរ៉ាមីត (Pyramid Lake)។ មនុស្សប្រហែល ១.២០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់កម្សាន្ត ហាំងគ្រី វ៉ាលេយ (Hungry Valley) ដែលផ្លូវជាច្រើនខ្សែត្រូវបានបិទចាប់តាំងពីចំហេះបានកើតឡើង ហើយរហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធចំនួនពីរកន្លែងត្រូវបានបំផ្លាញ។

នាយកដ្ឋានអគ្គិភ័យរដ្ឋនិយាយថា កិច្ចប្រឹងប្រែងទប់ស្កាត់ចំហេះកំពុងត្រូវបានរារាំងដោយសារសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ដែលព្យាករថានឹងបន្តរហូតដល់យប់ថ្ងៃអាទិត្យ។ យន្តហោះទម្លាក់ទឹកកំពុងធ្វើការដើម្បីបញ្ឈប់ការរាលដាលនៃចំហេះ ខណៈដែលអ្នកពន្លត់អគ្គិភ័យកំពុងព្យយាមបង្កើតខ្សែបន្ទាត់ជុំវិញទីតាំងឆេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យចំហេះព្រៃនេះស្ថិតនៅក្រោមការគ្រប់គ្រងបន្ថែមទៀត៕
