ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានថ្វាយលិខិតលាលែងតំណែងរបស់លោកដល់ព្រះមហាក្សត្រនៅថ្ងៃចន្ទនេះ ដោយក្លាយជាមេដឹកនាំដែលកាន់អំណាចខ្លីបំផុតបន្ទាប់ពីបានសារភាពថា លោកបាត់បង់ការគាំទ្រសំឡេងភាគច្រើនក្នុងការដឹកនាំរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Khairy Jamaluddin បានសរសេរនៅលើ Instagram ថា ''គណៈរដ្ឋមន្ត្រីបានដាក់សំណើសុំលាលែងពីតំណែងរបស់យើង'' ដល់ព្រះមហាក្សត្រភ្លាមៗ បន្ទាប់ពីលោក Muhyiddin បានចាកចេញពីរាជវាំងក្រោយគាល់ព្រះមហាក្សត្រ។ ការចាកចេញរបស់លោក Muhyidddin កើតឡើងតិចជាង ១៨ខែបន្ទាប់ពីចូលកាន់តំណែង ហើយនឹងធ្វើឱ្យប្រទេសធ្លាក់ក្នុងវិបត្តិថ្មី ស្របពេលមានជំងឺរាតត្បាតសកលកាន់តែធ្ងន់ធ្ងរ។ មេដឹកនាំនយោបាយបានចាប់ផ្ដើមប្រទាំងប្រទើសគ្នារួចទៅហើយ សម្រាប់តំណែងកំពូលដោយឧបនាយករដ្ឋមន្ត្រីរបស់លោកគឺលោក Ismail Sabri ប្រមូលការគាំទ្រដើម្បីស្នងតំណែងពី លោក Muhyiddin និងរក្សារដ្ឋាភិបាលឱ្យនៅដដែល៕
អត្ថបទ៖ សុខមាន