ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ ត្រូវបានគេបារម្ភថា នឹងត្រូវជាប់ខ្លួននៅក្នុងការប្រយុទ្ធគ្នានៅភាគខាងលិចសហភាពមីយ៉ាន់ម៉ា ខណៈដែលក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយក្រុមកំពុងប្រយុទ្ធនឹងរបបសឹកនៅក្នុងភូមិឆ្នេរសមុទ្រមួយ តាមព្រំដែនជាមួយប្រទេសបង់ក្លាដែស។
កងទ័ពអារ៉ាកាន (AA) ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពសម្រាប់តំបន់រ៉ាឃីន (Rakhine) របស់មីយ៉ាន់ម៉ា បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យ (១៦ មិថុនា) ថា អ្នកស្រុកនៅភូមិព្រំដែន មួងដាវ (Maungdaw) ដែលរស់នៅជាចម្បងដោយជនជាតិរ៉ូហ៊ីងយ៉ា គួរតែចាកចេញពីទីនោះត្រឹមម៉ោង ៩ យប់ មុនពេលការវាយលុកដែលបានគ្រោងទុកលើតំបន់នោះ។

ការវាយប្រហាររបស់កងទ័ពអារ៉ាកាន លើភូមិ មួងដាវ គឺជាការប្រយុទ្ធចុងក្រោយបង្អស់របស់ពួកឧទ្ទាមរយៈពេលជាច្រើនខែប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ដែលបានកាន់អំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ហើយឥឡូវនេះកំពុងស្ថិតក្នុងទីតាំងប្រយុទ្ធដ៏ទន់ខ្សោយកាន់តែខ្លាំងនៅទូទាំងផ្នែកធំនៃប្រទេស។
លោក អ៊ុង ចម៉ូ (Aung Kyaw Moe) អនុរដ្ឋមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលស្រមោលរួបរួមជាតិរបស់សមីយ៉ាន់ម៉ា បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧០.០០០ នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិ មួងដាវ ត្រូវបានជាប់ខ្លួន ខណៈការប្រយុទ្ធកាន់តែខិតជិតមកដល់។

ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា ដែលប្រជាជនភាគច្រើនជាពុទ្ធសាសនិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់រស់នៅក្នុងជំរំជនភៀសខ្លួនតាមព្រំដែនបង់ក្លាដែស ក្រោយរត់គេចពីការបង្រ្កាបដែលដឹកនាំដោយយោធានៅក្នុងរដ្ឋរ៉ាឃីន នៅឆ្នាំ២០១៧៕
