ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Khamenei បានយល់ព្រមលើកលែងទោស ឬបន្ធូរបន្ថយទោស ដល់អ្នកទោសចំនួន ២.៦៥៤នាក់ នៅក្នុងប្រទេស ក្នុងនោះមានជនបរទេសចំនួន ៣០នាក់ ហើយ៥៣នាក់ ត្រូវបានកាត់ទោសពីបទចោទប្រកាន់ផ្នែកសន្តិសុខ។

សារព័ត៌មានIRNA បានដកស្រង់សម្តីអនុប្រធានតុលាការអ៊ីរ៉ង់លោក សាដេក រ៉ាហ៊ីមី(Sadeq Rahimi) ដែល បាននិយាយថា មេដឹកនាំ បានផ្តល់ការលើកលែងទោសក្នុងឱកាសនៃពិធីបុណ្យ Eid al-Adha ជាថ្ងៃឈប់សម្រាកសំខាន់បំផុត សម្រាប់ប្រជាជនមូស្លីមនៅទូទាំងពិភពលោក ហើយបុណ្យ Eid ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់ ត្រូវបានប្រារព្ធឡើងដោយអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។
លោក Rahimi បាននិយាយថា បន្ទាប់ពីត្រូវបានអនុម័តដោយប្រធានតុលាការរបស់ប្រទេសអ៊ីរ៉ង់ បញ្ជីឈ្មោះរបស់អ្នកទោសដែលមានសិទ្ធិទទួលបានការលើកលែងទោស ត្រូវបានដាក់ជូនមេដឹកនាំ។

អ្នកទោសទាំងអស់ត្រូវបានកាត់ទោសនៅក្នុងតុលាការបដិវត្តន៍ឥស្លាម និងតុលាការសាធារណៈ របស់ប្រទេស ដែលមានស្ថាប័នតុលាការនៃកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នកាត់ទោសរដ្ឋ។
លោក Rahimi បាននិយាយថា២៩នាក់ក្នុងចំណោមអ្នកដែលត្រូវបានបន្ថយទោស គឺជាអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិត ហើយទោសរបស់ពួកគេត្រូវបានកាត់បន្ថយ មកត្រឹមការជាប់ពន្ធនាគារ។ មេដឹកនាំអ៊ីរ៉ង់ តែងតែផ្តល់ការលើកលែងទោសដល់អ្នកទោសក្នុងឱកាសពិសេសៗ ស្របតាមសិទ្ធិដែលផ្តល់ឱ្យលោកក្នុងមាត្រា ១១០ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស។