ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា កោះតៃវ៉ាន់មិនចង់មានសង្រ្គាមជាមួយទីក្រុងប៉េកាំង នោះទេ ហើយគោលនយោបាយរបស់ខ្លួនគឺបង្កើតនូវសមត្ថភាពការពារ និងទប់ស្កាត់ពហុកម្រិត ដើម្បីធ្វើឱ្យប្រទេសចិន កាន់តែពិបាកក្នុងការក្រសោបយកកោះនេះ។

កោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានប្រឈមមុខនឹងយុទ្ធនាការសម្ពាធផ្នែកយោធា និងនយោបាយពីទីក្រុងប៉េកាំង ដើម្បីឱ្យខ្លួនទទួលយកការទាមទារអធិបតេយ្យភាព ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។

នៅពេលត្រូវសាកសួរនៅសភាដោយអ្នកសារព័ត៌មានថា តើកោះតៃវ៉ាន់ អាចទប់ទល់បានរយៈពេលប៉ុន្មានបើគ្មានការគាំទ្រពីអាមេរិក ក្នុងករណីមានការប្រើកម្លាំងពីចិន លោក ខូ បានឆ្លើយថា «នេះមិនមែនជាបញ្ហានៃរយៈពេលប៉ុណ្ណាដែលយើងអាចទប់បាននោះទេ។ យើងនឹងប្រើយុទ្ធសាស្រ្តសង្រ្គាមមិនស៊ីមេទ្រី (Asymmetric warfare) ដើម្បីបង្កើតរបាំងពហុដែន ហើយដំណើរការនេះនឹងធ្វើឱ្យចុះខ្សោយដល់កម្លាំងរបស់ចិន»។
មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនចាត់ទុកការដាក់បញ្ចូល និង «ការលុបបំបាត់» កោះតៃវ៉ាន់ ថាជាបុព្វហេតុជាតិដ៏អស្ចារ្យរបស់ខ្លួន ដោយប្រាប់ទៅកម្មាភិបាលយោធាតៃវ៉ាន់ កុំឱ្យចុះចាញ់នឹងទ្រឹស្តីបរាជ័យនៃ «សមរភូមិដំបូងគឺជាសមរភូមិចុងក្រោយ» ដោយនោះជាទ្រឹស្តីមួយដែលថា តៃវ៉ាន់អាចដួលរលំបានភ្លាមៗនៅពេលដែលចិន ប្រើកម្លាំងក្រសោបយកកោះ៕
