ក្រុមអ្នកតវ៉ា និងក្រុមអ្នកគាំទ្រ បានមកប្រមូលផ្តុំគ្នា នៅព្រឹកថ្ងៃចន្ទ ទី១៧ មិថុនា នេះ នៅវាលស្មៅខាងក្រៅវិមានសភា ក្នុងរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ជាទីដែលមានវត្តមាននគរបាលយ៉ាងច្រើន ខណៈពិធីស្វាគមន៍ ត្រូវបានធ្វើឡើងសម្រាប់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង(Li Qiang) ។

ក្រុមអ្នកតវ៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេមកទីនោះដើម្បីតវ៉ាប្រឆាំងចំពោះដំណោះស្រាយ បញ្ហារបស់ប្រទេសចិន ដូចជាសិទ្ធិមនុស្ស នៅតំបន់ទីបេ និងនៅខេត្តស៊ីនជាំង។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងលោក Li បានជួបប្រជុំគ្នា នៅថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលីធ្វើឡើងដោយនាយករដ្ឋមន្ត្រីចិន ក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ ដោយទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងអ្នកនិពន្ធអូស្ត្រាលីដែលជាប់ពន្ធនាគារ ស្ថិតក្នុងរបៀបវារៈរបស់ប្រទេសម្ចាស់ផ្ទះ។

ដំណើរទស្សនកិច្ចរបស់ លោក Li ដែលជាមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបន្ទាប់ពីប្រធានាធិបតី លោក Xi Jinping បង្ហាញពីស្ថិរភាពក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បន្ទាប់ពីអំឡុងពេលដែលទីក្រុងប៉េកាំង បានរារាំងការនាំចេញរបស់អូស្ត្រាលី ក្នុងចំនួនទឹកប្រាក់២០ពាន់លានដុល្លារ និងជម្លោះជុំវិញការប៉ះទង្គិចគ្នាផ្នែកការពារជាតិ។