ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយនិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបដិសេធការចរចាជាមួយអ៊ុយក្រែនទេ ប៉ុន្តែការធានានឹងត្រូវការចាំបាច់ ដើម្បីធានាភាពជឿជាក់នៃការចរចា។

ប្រទេសជាង ៩០ បានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនៅឯរមណីយដ្ឋានប៊រហ្គិនស្តុក(Bürgenstock) នៅកណ្តាលប្រទេសស្វីស ក្នុងគោលបំណងបង្រួបបង្រួមមតិជាសកលស្តីពីវិធីបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូរយៈពេល ៧២ ខែមកនេះ។
រុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចពិភាក្សាស្ដីពីសន្តិភាពនោះទេ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យថា ជំហររបស់ ក្រុង គីវ (Kyiv) ត្រូវបានគេយកមកពិចារណានៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលនេះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា អត្ថបទនេះមានតុល្យភាព ដែលគ្រប់ជំហរជាគោលការណ៍របស់ អ៊ុយក្រែនបានទទូចកន្លងមកនោះ ត្រូវបានពិចារណាហើយ។

លោក Kuleba ក៏បានបង្ហើបផងដែរថា រុស្ស៊ីអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ប៉ុន្តែបានច្រានចោលការទាមទាររបស់លោក ពូទីន កាលពីថ្ងៃសុក្រ ដែលតម្រូវឲ្យទីក្រុង Kyiv ប្រគល់តំបន់ចំនួនបួនក្នុងប្រទេសអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី និងទម្លាក់ចោលគោលដៅរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការសម្ព័ន្ធយោធាណាតូ៕