វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្វ៊ីស Roger Federer នឹងត្រូវសម្រាកច្រើនខែទៀត ដោយសាររបួសជង្គង់ចាស់របស់គេនោះត្រូវការវះកាត់ម្តងទៀត។ កីឡាករវ័យ ៤០ឆ្នាំជើងឯក Grand Slam ២០លើករូបនេះបានទទួលការវះកាត់ជង្គង់ ២លើករួចមកហើយកាលពីឆ្នាំមុន។

Federer បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា គេសង្ឃឹមថាការវះកាត់លើកនេះនឹងផ្តល់ក្តីសង្ឃឹមក្នុងការត្រលប់មកទីលានប្រកួតវិញ។ Federer បានចូលរួមការប្រកួត Grand Slam, Wimbledon ផងដែរកាលពីខែកក្កដាកន្លងទៅតែបានត្រឹមវគ្គ ៨នាក់ចុងក្រោយ និងក្រោយមកក៏ដកខ្លួនមិនចូលរួមប្រកួតអូឡាំពិកទីក្រុងតូក្យូ។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ Grand Slam ២០លើករបស់ Federer ត្រូវបានកីឡាករ ២នាក់តាមទាន់ដោយរួមមានកីឡាករអេស្ប៉ាញ Rafael Nadal ឈ្នះជើងឯក French Open កាលពីឆ្នាំ២០២០ ក្រោយមកគឺ Novak Djokovic ដែលឈ្នះជើងឯក Grand Slam នៅក្នុងឆ្នាំ២០២១ នេះរួមមាន Australian Open , French Open និង Wimbledon៕
អត្ថបទ៖នាង សុភាវុធ