របាយការណ៍មួយបាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា សហរដ្ឋអាមេរិក កំពុងដើរយឺតជាងប្រទេសចិន រហូតដល់ ១៥ ឆ្នាំលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរបច្ចេកវិទ្យាខ្ពស់ ខណៈវិធីសាស្រ្តបច្ចេកវិទ្យាដែលគាំទ្រដោយរដ្ឋរបស់ទីក្រុងប៉េកាំង និងការផ្តល់ហិរញ្ញប្បទានយ៉ាងទូលំទូលាយធ្វើឱ្យចិន មានប្រៀបជាងអាមេរិក។

ការសិក្សាដោយមូលនិធិព័ត៌មានវិទ្យា និងនវានុវត្តន៍ (ITIF) ដែលជាវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិន មានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២៧ គ្រឿងដែលកំពុងសាងសង់ ជាមួយនឹងរយៈពេលសាងសង់ជាមធ្យមប្រហែល ៧ ឆ្នាំ ពោលគឺលឿនខ្លាំងជាងប្រទេសដទៃទៀត។

សហរដ្ឋអាមេរិក មានរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ហើយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ចាត់ទុកប្រភពអគ្គិសនីដែលស្ទើរតែគ្មានការបំភាយឧស្ម័ននេះ ថាមានសារៈសំខាន់ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែបន្ទាប់ពីរោងចក្រធំៗចំនួនពីរនៅរដ្ឋ ចចា (Georgia) បានដំណើរការក្នុងឆ្នាំ២០២៣ ហើយឆ្នាំ ២០២៤ ត្រូវការចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារលើសគម្រោងថវិកា រួមទាំងការពន្យារពេលជាច្រើនឆ្នាំ ពុំមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់អាមេរិក ណាមួយកំពុងត្រូវបានសាងសង់ទេ។
ធនាគារគ្រប់គ្រងដោយរដ្ឋរបស់ចិន អាចផ្តល់ប្រាក់កម្ចីដល់កម្រិតទាបបំផុតចំនួន ១,៤ ភាគរយ ដែលទាបខ្លាំងជាងលោកខាងលិច។ ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ចិន បានទទួលអត្ថប្រយោជន៍ពីការគាំទ្ររបស់រដ្ឋបែបនោះ រួមទាំងការគាំទ្រប្រកបដោយនិរន្តរភាព និងយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្ម ដែលបានអនុញ្ញាតឱ្យចិន នាំមុខលើវិស័យជាច្រើនដូចជាថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី (EVs) ជាដើម៕