របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលលើកឡើងពីកង្វះថវិកា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺរាតត្បាតកូវីដ-១៩ បានឱ្យដឹងថា ពិភពលោកកំពុងដើរចេញពីទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពភាគច្រើនដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៥ ដូចជាការដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លានជាដើម។

របាយការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាត់ចំណាត់ថ្នាក់ការអនុវត្តនៃរដ្ឋសមាជិកចំនួន ១៩៣ របស់ខ្លួនក្នុងការអនុវត្ត «គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» (SDGs) ចំនួន ១៧ ចំណុច ដែលរួមបញ្ចូលផងដែរនូវការកែលម្អលទ្ធភាពទទួលបានការអប់រំ និងការថែទាំសុខភាព ការផ្តល់ថាមពលស្អាត និងការការពារជីវចម្រុះ។

របាយការណ៍បានរកឃើញថា ពុំមានគោលដៅណាមួយក្នុងចំណោម ១៧ ចំណុចនោះដែលនឹងត្រូវសម្រេចនៅឆ្នាំ២០៣០ នោះទេ ដោយគោលដៅភាគច្រើនបង្ហាញថា «នៅមានកម្រិត ឬដើរថយក្រោយ»។ របាយការណ៍ក៏ជំរុញឱ្យប្រទេសនានាដោះស្រាយបញ្ហាកង្វះថវិការ៉ាំរ៉ៃ ហើយឱ្យអង្គការសហប្រជាជាតិកែប្រែប្រព័ន្ធរបស់ខ្លួន។

របាយការណ៍នេះបានកំណត់ការដោះស្រាយភាពអត់ឃ្លាន ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព និងការការពារជីវៈចម្រុះនៅលើដី និងទឹក គឺជាចំណុចកំពុងចុះខ្សោយខ្លាំង។ គោលដៅនយោបាយដូចជាសេរីភាពសារព័ត៌មានក៏បានមើលឃើញពី «ជំហានថយក្រោយ» ផងដែរ។ របាយការណ៍បាននិយាយថា ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក ជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជី SDGs ហើយចិន មានការរីកចម្រើនលឿនជាងមធ្យម ប៉ុន្តែប្រទេសក្រីក្របំផុតនៅលើពិភពលោកកំពុងតែអនុវត្តក្នុងល្បឿនដ៏យឺតយ៉ាវនៃគោលដៅទាំង ១៧ ចំណុចនោះ៕