រដ្ឋាភិបាលនៃរដ្ឋ វីកតូរៀ (Victoria) របស់ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា មេរោគផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង បានរីករាលដាលដល់កសិដ្ឋានចិញ្ចឹមបសុបក្សីទីប្រាំពីរ នៅជិតទីក្រុង មែលប៊ន (Melbourne) ដោយបន្ថែមថា កសិដ្ឋានចំនួន ៦ មានប្រភេទជំងឺផ្តាសាយ H7N3 ហើយកសិដ្ឋានទីប្រាំពីរមានប្រភេទ H7N9។

ទាំងពីរប្រភេទនេះ មិនមែនជា H5N1 ដែលជាប្រភេទជំងឺផ្ដាសាយបក្សីដែលបានឆ្លងដល់សត្វព្រៃ និងកសិដ្ឋានរាប់ពាន់លានក្បាលនៅទូទាំងពិភពលោក ហើយបង្កើនការភ័យខ្លាចនៃការចម្លងដល់មនុស្សនោះទេ។ មន្ទីរកសិកម្មរបស់រដ្ឋ វីកតូរៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តំបន់ហាមឃាត់ និងត្រួតពិនិត្យ ត្រូវបានដាក់នៅជុំវិញបរិវេណដែលមានមេរោគទាំងអស់»។

ទីតាំងដែលឆ្លងមេរោគទាំងនោះរួមមានកសិដ្ឋានចិញ្ចឹមបក្សីយកស៊ុតចំនួនប្រាំមួយ និងកសិដ្ឋានទាមួយ។ រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា សត្វមាន់ប្រហែល ១ លានក្បាល ដែលប្រហែល ៥ ភាគរយនៃហ្វូងបក្សីផ្ដល់ពងរបស់អូស្ត្រាលី ត្រូវបាន ឬនឹងត្រូវសម្លាប់នៅក្នុងកសិដ្ឋានដែលរងផលប៉ះពាល់ដើម្បីទប់ស្កាត់វីរុសនេះ។
មិនទាន់មានបញ្ហាកង្វះស៊ុតនៅឡើយទេ ទោះបីជាអ្នកលក់រាយមួយចំនួនបានដាក់កម្រិតលើការបញ្ជាទិញក៏ដោយ។ រដ្ឋាភិបាលបាននិយាយថា មុនពេលមានករណីចុងក្រោយបំផុត ដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីខែមុន ប្រទេសអូស្ត្រាលី បានជួបប្រទះការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចំនួន ៩ ករណីមកហើយចាប់តាំងពីឆ្នាំ១៩៧៦ មក ប៉ុន្តែគ្រប់ករណីទាំងអស់ត្រូវបានទប់ស្កាត់ និងលុបបំបាត់៕