អាហ្វហ្គានីស្ថាន៖ មនុស្សជាច្រើនដែលអស់សង្ឃឹមក្នុងការភៀសខ្លួន ចេញពីរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថានបានប្រមូលផ្តុំគ្នា នៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីក្រុមតាលីបង់បានវាយលុកនៅមុនថ្ងៃនោះ។

ទោះបីពួកតាលីបង់បានសន្យាថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធីក៏ដោយ ក៏ស្ថានទូតអាមេរិកបានផ្អាកប្រតិបត្តិការ ហើយបានព្រមានជនជាតិអាមេរិកទាំងយប់ទាំងថ្ងៃឱ្យជ្រកកោននៅនឹងកន្លែង កុំព្យាយាមទៅដល់អាកាសយានដ្ឋាន។ យោងតាមមន្ត្រីយោធាជាន់ខ្ពស់អាមេរិក ២រូបបាននិយាយថា ជើងហោះហើរពាណិជ្ជកម្មត្រូវបានផ្អាក បន្ទាប់ពីស្នូរអាវុធបានផ្ទុះឡើងនៅព្រលានយន្តហោះទីក្រុងកាប៊ុល។ ការជម្លៀសបានបន្តនៅលើជើងហោះហើរយោធា ប៉ុន្តែការផ្អាកចរាចរពាណិជ្ជកម្មបានបិទផ្លូវមួយ ក្នុងចំណោមផ្លូវចុងក្រោយដែលអាចរត់គេចពីអាហ្វហ្គានីស្ថាន។ ក្រុមមន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងចាត់វិធានការក្នុងការធានាអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដើម្បីអនុញ្ញាតឱ្យមានការចាកចេញដោយសុវត្ថិភាពរបស់បុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្តរាប់ពាន់នាក់ពីអាហ្វហ្គានីស្ថាន តាមរយៈជើងហោះហើរស៊ីវិល និងយោធា៕
អត្ថបទ៖ សុខមាន