បេសកជនជាន់ខ្ពស់របស់សហភាពអាហ្រ្វិក ប្រចាំប្រទេសសូម៉ាលី បានធានាឡើងវិញដល់ប្រទេសសូម៉ាលីថា ការដកទ័ពចេញពីប្រទេសនេះ នឹងមិននាំទៅដល់កង្វះសុវត្ថិភាពសន្តិសុខ នោះទេ។ អ្នកតំណាងពិសេសរបស់សហភាពអាហ្វ្រិក ប្រចាំប្រទេសសូម៉ាលី លោក ម៉ូហាម៉េដ អែល អាមីន ស៊ូអេហ្វ(Mohamed El-Amine Souef) បាននិយាយថា អង្គការប្រចាំតំបន់អាហ្រ្វិក (Pan-African) នឹងមិនបោះបង់ចោលប្រទេសសូម៉ាលីទេ ទោះបីជាបេសកកម្មផ្លាស់ប្តូររបស់សហភាពអាហ្វ្រិក នៅក្នុងប្រទេសសូម៉ាលី រៀបចំដកកងទ័ពបន្ថែមចំនួន៤.០០០នាក់ទៀត នៅចុងខែមិថុនា នេះក៏ដោយ។

លោក Souef បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុង Jowhar ភាគកណ្តាល ប្រទេសសូម៉ាលី ថា ទោះបីជាមានការដកទ័ពរបស់បេសកកម្មផ្លាស់ប្តូររបស់សហភាពអាហ្វ្រិក នៅក្នុងប្រទេសសូម៉ាលីក៏ដោយ យើងនឹងធានាថា ពុំមានកង្វះសុវត្ថិភាពសន្តិសុខនោះទេ។ លោក និយាយថា ការផ្លាស់ប្តូរនេះ នឹងត្រូវបានសម្របសម្រួលយ៉ាងល្អរវាងរដ្ឋសមាជិកសហព័ន្ធ រដ្ឋាភិបាលសូម៉ាលី និងដៃគូអន្តរជាតិ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក Souef បានកោតសរសើរដល់កងទ័ពប្រទេសប៊ូរ៉ុនឌី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់ និងធ្វើឲ្យក្រុម al-Shabab ចុះខ្សោយ ដោយជំរុញឱ្យពួកគេរក្សាការប្រុងប្រៀប និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសន្តិសុខសូម៉ាលី និងសហគមន៍មូលដ្ឋាន។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់បេសកជនសហភាពអាហ្វ្រិក ដើម្បីវាយតម្លៃការត្រៀមលក្ខណៈប្រតិបត្តិការ សុខុមាលភាព និងសីលធម៌របស់កងទ័ព ខណៈ ស្ថាប័នអាហ្វ្រិកមួយនេះរៀបចំគណៈកម្មការតាមដាន បន្ទាប់ពីការចាកចេញពីបេសកកម្មផ្លាស់ប្តូររបស់សហភាពអាហ្វ្រិក(ATMIS) ។

យោងតាមសេចក្តីសម្រេចលេខ ១៧១០ ឆ្នាំ២០១៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឲ្យដឹងថាបេសកកម្មផ្លាស់ប្តូររបស់សហភាពអាហ្វ្រិក(ATMIS) ត្រូវបានកំណត់ពេលឱ្យដកកងទ័ពចំនួន ៤.០០០នាក់ នៅក្នុងដំណាក់កាលទីបីនៃការដកកងទ័ព ហើយត្រូវបានជំនួសដោយកងកម្លាំងសន្តិសុខសូម៉ាលី។ បេសកកម្មផ្លាស់ប្តូររបស់សហភាពអាហ្វ្រិក(ATMIS) បានដកកងទ័ពចំនួន៥.០០០នាក់ ចេញពីប្រទេសសូម៉ាលី ហើយបានប្រគល់មូលដ្ឋានយោធាចំនួន១៧កន្លែង ដល់កងកម្លាំងសន្តិសុខប្រទេសសូម៉ាលី ក្នុងអំឡុងពេលដំណាក់កាលទី ១ និងទី ២ នៃការដកទ័ពបានបញ្ចប់នៅឆ្នាំ ២០២៣។