ក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាតំណាងប្រជាពលរដ្ឋជាង១លាន២សែននាក់ ដែលកំពុងរស់នៅក្នុងខេត្តព្រៃវែងទាំងមូលឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អាជ្ញាធរ រួមនិងប្រជាពលរដ្ឋ ពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះគម្រោងព្រែកជីកហ្វូណន តេជោ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
ការថ្លែងរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង យ៉ាងដូច្នេះ នាឱកាសដែលគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨៨០នាក់ ចុះអប់រំផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្រ្គោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន១១៥៥៦នាក់ ក្នុងនោះស្រី្តមានចំនួន៧៧៤២នាក់ នៅវិទ្យាល័យរស្មីសាមគ្គី ខេត្តព្រៃវែង ដោយសហការជាមួយរដ្ឋបាលខេត្តព្រៃវែង មនី្ទរសុខាភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម សួន សុម៉ាលីន រួមនិងអាជ្ញាធរ ប្រជាពលរដ្ឋ បានលើកឡើងរួមគ្នាទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលជាប្រវតិ្តសាស្រ្ត ដែលមានផលប្រយោជន៍ទៅលើការកាត់បន្ថយ នៃការចំណាយផ្នែកដឹកជញ្ជូនផ្លូវទឹក ការស្រោចស្រពកសិកម្ម ការធ្វើវារីវប្បកម្ម ជាពិសេសមានផលប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិទាំងមូលផងដែរ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជា មានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតី ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់បានឃើញគម្រោងព្រែកជីកនេះ ក្លាយជាសមិទ្ធផលជាក់ស្ដែងនៅលើដី។ សម្តេចធិបតី ក៏បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ទាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក ដែលចូលរួមបង្ហាញជំហរគាំទ្រគម្រោងប្រវត្ដិសាស្ដ្រ ដើម្បីប្រយោជន៍ជាតិមួយនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអំពាវនាវឱ្យបន្តចូលរួមរហូតដល់គម្រោងនេះលេចចេញជារូបរាងទ្បើង និងរួចរាល់ជាស្ថាពរ៕ អត្ថបទ រដ្ឋា










