ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រយៈពេល២៦ឆ្នាំ ក្រុមប្រឹក្សាធម្មនុញ្ញជំរុញម៉ឺងម៉ាត់លើការពង្រឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាខួបកំណើតគម្រប់២៦ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៤)។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនិងចាត់ទុកជាអសារសូន្យ ចំពោះការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ។

ឯកឧត្តមបញ្ជាក់ថា រយៈពេល២៦ឆ្នាំកន្កងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយគោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ទាំងតួនាទី និងភារកិច្ច ដោយធានាការគោរពចំពោះរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យលើធម្មនុញ្ញភាពរបស់រដ្ឋធម្មនុញ្ញ។

ឆ្លៀតក្នុងកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លើកឡើងថា ក្នុងប្រវត្តិសាស្ត្រនៃការចាប់កំណើតធម្មនុញ្ញនិយម កម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ។ ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុងសម័យតេជោសន្តិភាព សម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ៕ អត្ថបទ សេក ឧត្តម


