
ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារលើនាវាស៊ីវិលចំនួនពីរគ្រឿង រួមជាមួយនឹងនាវាពិឃាតអាមេរិក នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ពួកគេ ក្នុងការរំខានដល់ការដឹកជញ្ជូន ជាអ្វីដែលពួកគេនិយាយថា ជាការគាំទ្រសម្រាប់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី លោក Yahya Saree បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានបាញ់មីស៊ីលបាលិស្ទិកទៅលើនាវាពិឃាតអាមេរិក មីស៊ីលជាច្រើនគ្រាប់របស់កងទ័ពជើងទឹក ទៅលើនាវាមួយគ្រឿងមានឈ្មោះថា Captain Paris និងបានវាយប្រហារដោយយាន ដ្រូនជាច្រើនគ្រឿង ទៅលើនាវាមួយគ្រឿងទៀត ដែលមានឈ្មោះថា Happy Condor ។ ពុំមិនដឹងច្បាស់ថាតើមានគោលដៅណាមួយ ត្រូវរងការវាយនោះទេ។
កាលពីព្រឹកថ្ងៃអាទិត្យ កិច្ចប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយថា នាវាមួយគ្រឿងនៅចម្ងាយ ៤០ម៉ាយពីភាគខាងត្បូងនៃទីក្រុង al Mukha របស់ប្រទេសយេ ម៉ែន បានរាយការណ៍ពីការផ្ទុះចំនួនពីរ នៅក្បែរនោះ។ កិច្ចប្រតិបត្តិការនេះ បាននិយាយថា នាវានិងនាវិករបស់ខ្លួន មានសុវត្ថិភាព និងបន្តដំណើររបស់ពួកគេ ដោយមិនបានកំណត់អត្តសញ្ញាណនាវានោះទេ។
ក្រុមឧទ្ទាមហ៊ួទីមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដែលគ្រប់គ្រងរដ្ឋធានីយេម៉ែន និងតំបន់មានប្រជាជនភាគច្រើន បានបើកការវាយប្រហាររាប់សិបលើកលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។
ការវាយប្រហារទាំងនោះ បានធ្វើឲ្យពាណិជ្ជកម្មសកលលោកកាន់តែមានការលំបាក ដោយបង្ខំឲ្យម្ចាស់នាវា ផ្លាស់ប្តូរផ្លូវចេញឆ្ងាយពីព្រែកជីកស៊ុយអេ (Suez) ហើយបាននាំឲ្យមានការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស ចាប់តាំងពីខែកុម្ភៈមក។