
ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូលស្វីសកាលពីចុងសប្តាហ៍នេះ បានធ្វើឲ្យសន្តិភាពកាន់តែខិតជិតប្រទេសអ៊ុយក្រែន ប៉ុន្តែសន្តិភាពពិតប្រាកដ នឹងពុំអាចសម្រេចបានក្នុងមួយជំហានបាននោះទេ ហើយផ្លូវឆ្ពោះទៅរកសន្តិភាព ត្រូវការភាពអត់ធ្មត់ និងការប្តេជ្ញាចិត្ត ។
លោកស្រី និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពុំបានគិតគូរខ្លាំងពីការបញ្ចប់សង្រ្គាមនោះទេ ពោលគឺលោកទាមទារចង់ឲ្យអ៊ុយក្រែនប្រគល់ទឹកដី ដែលមិនមែនស្ថិតក្នុងកណ្តាប់ដៃរុស្ស៊ី ។
ថ្លែងទៅកាន់សារព័ត៌មានពេលបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា នឹងគ្មានសន្តិភាពយូរអង្វែងទេ បើគ្មានបូរណភាពទឹកដីសម្រាប់ប្រទេសរបស់លោក ហើយការបន្តការងាររបស់ប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នឹងបើកផ្លូវឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលទី ២ ។
ប្រធានាធិបតីឈីលីលោក Gabriel Boris និងនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា អ្នកចូលរួមកិច្ចប្រជុំកំពូល បានរួមគ្នាការពារច្បាប់អន្តរជាតិ ស្របពេលដែលប្រធានាធិបតីហ្គាណាលោក Nana Akufo-Adda បានធ្វើការសង្កត់ធ្ងន់ពីផលប៉ះពាល់នៃជម្លោះមួយនេះ លើអាហ្វ្រិក ។
សូមបញ្ជាក់ថា ប្រទេសជាង ៩០ បានចូលរួមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដែលរៀបចំឡើងនៅទីក្រុងទេសចរណ៍ភ្នំអាល់របស់ប្រទេសស្វីស ៕