​ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរាជទូតម៉ាឡេស៊ីថា ថ្នាក់ដឹកនាំជំនាន់ចាស់នៅតែធ្វើការជាប់នឹងនយោបាយ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ី

2024/06/17 10:34:44 pm        149

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ទៅកាន់ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀតបានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។ 

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន និងសហការី និងបានអបអរសាទរដល់ឯកឧត្តមដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ឯកឧត្តមអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ 

ឯកឧត្តមអគ្គរាជទូត ថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់ឯកឧត្តម និងសហការី។ ឯកឧត្តម ក៏បានអបអរសាទរចំពោះ សម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និងជាអ្នកប្រែក្លាយប្រទេសកម្ពុជាពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ 

ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ចេញផុតភ្លាម អគ្គរាជទូតថ្មីក៏បានមកដល់ និងចាប់ផ្តើម ធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។  

ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្តេចតេជោ បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ 

សម្តេចតេជោមានប្រសាសន៍បន្ថែមថា៖«សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង»។

សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថាការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ីនៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ 

សម្ដេចតេជោបានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។

សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង។ 

សម្ដេចតេជោ និង ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។ សម្ដេចតេជោបានឆ្លើយតបថា សម្តេចទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយនឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm