ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ បានប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប ៤,១១០នាក់ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ដែលសុទ្ធតែសប្បាយរីករាយ ក្នុងការចូលរួមរត់ ហើយមានជនបរទេសខ្លះ បានជាប់ចិត្ត និងប៉ងបន្ដចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុបន្ដទៀតផង ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីតភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើន ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយសុវត្ថិភាព និងរលូនផងដែរ ។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ឆ្នាំនេះ មានអ្នកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញសរុប ៤,១១០នាក់ ក្នុងនោះមានអត្តពលិករត់ ២១គីឡូម៉ែត្រ ៦៤៧នាក់, រត់ ១០គីឡូម៉ែត្រ ១,៨៧០នាក់, រត់ ៥គីឡូម៉ែត្រ ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ ២៥៦នាក់ ។ ប៉ុន្ដែបាញ់កាំភ្លើងបញ្ជាចេញដំណើរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានអញ្ជើញអត្តពលិកជាតិ-អន្តរជាតិ លើកដៃប្រណមដើម្បីថ្វាយនូវសព្ទសាធុការពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះដែរ លោក Thom Aenger(ថម អេងហ្គ័រ) មកពីចក្រភពអង់គ្លេស និងអ្នកស្រី Loagars (ឡៅហ្គាស) មកពីអាល្លឺម៉ង់ បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ស្រស់ស្អាត និងរៀបចំបានយ៉ាងល្អនេះ ហើយពួកគេបានតាំងចិត្តនឹងបន្ដចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាបន្ដទៀត ដូចជារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ដើម្បីបានស្វែងយល់បន្ថែមទៀត ពីគោលដៅទេសចរណ៍នៅកម្ពុជា។
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយពីក្រុងភ្នំពេញ ។ ម្យ៉ាងក៏ដើម្បីចូលរួមការងារសប្បុរសធម៌ផងដែរ ដោយថវិកាទទួលបានពីការរៀបចំ គណៈកម្មការ នឹងរៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ ៕ អត្ថបទ លី ឈុនឡា




