
យោងតាមការអះអាងរបស់ក្រុមនគរបាលក្នុងស្រុក បានឲ្យដឹងថា ឧបទ្ទេវហេតុពាក់ព័ន្ធនឹងរថភ្លើងដឹកទំនិញបុករថភ្លើងដឹកអ្នកដំណើរនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា នាថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
រូបភាពវីដេអូឃ្លីបដែលទទួលបាន ឃើញកុងតឺន័ររបស់ថភ្លើងដឹកទំនិញ រាយប៉ាយនៅលើផ្លូវដែក ហើយទូរថភ្លើងដឹកអ្នកដំណើរ រងការខូចខាតធ្ងន់ធ្ងរ ខណៈដែលហ្វូងមនុស្សនាំគ្នាឈរមើលនៅទីតាំងជួបគ្រោះថ្នាក់រថភ្លើងបុកគ្នា ។
រថភ្លើងដឹកទំនិញ បានបុករថភ្លើងដឹកអ្នកដំណើរ Kanchanjunga Express ដែលធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង Kolkata រដ្ឋ West Bengal ចេញពីរដ្ឋភាគឦសាន Agartala បណ្តាលឲ្យទូរថភ្លើងដឹកអ្នកដំណើរចំនួន ៣ទូ បានធ្លាក់ផ្លូវ ។
ក្រុមមន្រ្តីផ្លូវដែក និយាយថា គេមានការព្រួយបារម្ភថា មនុស្សច្រើននាក់ទៀត អាចនឹងជាប់នៅក្នុងទូរថភ្លើងដឹកអ្នកដំណើរ ប៉ុន្តែនៅពុំទាន់មានសេចក្តីលម្អិតភ្លាមៗនោះទេ ។
ឧបទ្ទេវហេតុរថភ្លើងបុកគ្នានេះដែរ បានកើតមានឡើង ក្រោយប្រព័ន្ធផ្លូវដែកគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌា បានជួបគ្រោះថ្នាក់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ នៅរដ្ឋ Odisha ជាទីដែលមនុស្សជិត ៣០០នាក់ ត្រូវបានសម្លាប់ ៕