ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, ការអនុវត្ត គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបញ្ហាផ្សេងៗ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនដូចជា ការបង្រាប់ក្មេងទំនើង ការទន្ទ្រានយកដីរបស់រដ្ឋក្នុងស្រុកក្រគរ ការងារការពារដីព្រៃរបស់រដ្ឋក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញ ការអន្តរាគមន៍ជួយប្រជាពលរដ្ឋស្រុកកណ្តៀងដែលខ្វះទឹកសម្រាប់បង្កបង្កើនផលនៅដើមរដូវវស្សាដោយសារពុំមានភ្លៀងធ្លាក់ច្រើន រកដំណោះស្រាយចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងនៅចំនុចប្រសព្វគ្នារវាងផ្លូវរៀងក្រុងពោធិ៍សាត់ ជាមួយនិងផ្លូវឆ្ពោះទៅស្រុកកណ្តៀង និងបន្តការងារដោះស្រាយប្រជាពលរដ្ឋដែលនៅតាមមាត់ស្ទឺងពោធិ៍សាត់ ៕ ដោយ ៖ អុីត ភារុន











