
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្ស ៤នាក់ស្លាប់ និង ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ពេលភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានបំណាក់ដីនៅខេត្ត Fujian ប្រទេសចិន ។
វីដេអូទទួលបាន ឃើញក្រុមជួយសង្រ្គោះ ជម្លៀសជនស៊ីវិលចេញពីផ្ទះសម្បែងរងការជន់លិច និងជួយមនុស្ស ឆ្លងកាត់ស្ទឹងដោយប្រើប្រាស់ខ្សែពួរ ។
ភ្លៀងធ្លាក់ខ្លាំងនៅស្រុក Wuping ទីក្រុង Longyan ចាប់តាំងរសៀលថ្ងៃអាទិត្យមក បណ្តាលឲ្យបាក់ស្រុតផ្ទះ ៣៧៨ខ្នង និងបង្ខំឲ្យក្រុមអាជ្ញាធរ ចុះប្រតិបត្តិការឆ្លើយតបបន្ទាន់គ្រោះទឹកជំនន់ ។
ខណៈពេលនោះដែរ មន្ទីរឧតុនិយមខេត្ត Fujian បានបញ្ជាក់ពីព្យុះភ្លៀងធ្ងន់ធ្ងរផងដែរ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ខ្លាំង បានជន់លិចខេត្ត Fujian ជាពិសេសនៅស្រុក Wuping ធ្វើឲ្យស្រុកមួយនេះ ខាតបង់សេដ្ឋកិច្ចប្រហែលជាង ៥៧លានដុល្លារ ។
សូមបញ្ជាក់ថា តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសចិន បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះក្រុមមន្រ្តីថ្នាក់មូលដ្ឋាន បានចេញសេចក្តីណែនាំ និងការព្រមានពីគ្រោះទឹកជំនន់ ៕