
ជនមូស្លីមនៅទូទាំងប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងតាមព្រះវិហារ ពេលដែលពួកគេប្រារព្ធពិធីបុណ្យ Eid al-Adha នៅថ្ងៃចន្ទនេះ ។
ជនមូស្លីមរាប់ម៉ឺននាក់ ត្រូវបានគេមើលឃើញសូត្យធម៌ 'Namaz' នៅព្រះវិហារ Jama Majid ស្ថិតក្នុងទីក្រុងញូវ ដែល្លី និងតាមទីក្រុងជាច្រើនទៀត រួមទាំងទីក្រុង Thiruvananthapuram, Ahmedabad និងទីក្រុង Srinagar ។
ពិធីបុណ្យ Eid Al-Adha ដែលគេស្គាល់ថាជាពិធីបុណ្យបូជាយញ្ញ ស្ថិតនៅក្នុងចំណោមពិធីបុណ្យដ៏សំខាន់របស់អ៊ីស្លាម ។
ជនមូស្លីម សម្លាប់សត្វ ដើម្បីរំឭកដល់ឆន្ទៈរបស់ព្យាការី Ibrahim ដែលបានលះបង់កូនប្រុសរបស់ខ្លួនតាមបំណងរបស់ព្រះ ។
លោក Mohammed Shabab គឺជាជនមូស្លីមមួយរូបនិយាយថា ថ្ងៃនេះរំឭកពួកយើងឲ្យដឹងពីការលះបង់របស់ព្យាការី Ibrahim ។ លោកបន្តថា ការលះបង់ដែលពួកយើងធ្វើមិនមែនជាវត្ថុនិយមនោះទេ វាមិនចាំបាច់គិតពីការលះបង់ពពែ ឬសត្វណាមួយនោះទេ តែវាគឺជាការការលះបង់ភាពអវិជ្ជមាននៅក្នុងជីវិតរបស់យើង ជាការផ្ញើសារទៅកាន់មនុស្សដែលពួកយើងរស់នៅជាមួយថា ពួកគេត្រូវតែរស់ក្នុងនាមជាមនុស្សល្អ ៕