
យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងជំងឺស្អូច នៅទូទាំងប្រទេសឡាវ បានទទួលលទ្ធផលល្អនៅទូទាំងប្រទេស ដោយ៩០ភាគរយនៃកុមារគោលដៅ បានចាក់វ៉ាក់សាំង។
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយក្រសួងសុខាភិបាលឡាវ បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសឡាវ មានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់៩៥ ភាគរយនៃកុមារទាំងអស់ ដែលមានអាយុពី៩ខែដល់៥ឆ្នាំ ដើម្បីការពារការរាលដាលជំងឺកញ្ជ្រឹល និងជំងឺស្អូច នៅពេលអនាគត។
កុមារនៅគ្រប់ខេត្តទាំងអស់ អាចទទួលបានវ៉ាក់សាំង ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងជំងឺកញ្ជ្រឹល និងជំងឺស្អូច ក្រោមគោលនយោបាយរបស់រដ្ឋាភិបាល។ វ៉ាក់សាំងនេះ អាចរកបានដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលសុខភាពសាធារណៈទាំងអស់។
អាជ្ញាធរ បានចាប់ផ្តើមជំរុញជាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត តាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ វិទ្យុ និងការសែត ដើម្បីជំរុញទឹកចិត្តឪពុកម្តាយ នាំកូនទៅមណ្ឌលចាក់វ៉ាក់សាំងដែលបានរៀបចំ។
ក្រសួងសុខាភិបាលប្រទេសឡាវ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងជំងឺស្អូច នៅទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។