
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា កងកម្លាំងពិសេសរុស្ស៊ី បានរំដោះឆ្មាំពន្ធនាគារ ២នាក់ និងបានបាញ់សម្លាប់អ្នកទោស ៦នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បន្ទាប់ពីអ្នកទោសទាំងនោះ បានចាប់ឆ្មាំទាំង ២រូបធ្វើជាចំណាប់ខ្មាំង នៅមណ្ឌលឃុំឃាំងមួយ នៅភាគខាងត្បូងទីក្រុង Rostov កាលពីថ្ងៃអាទិត្យ (ទី១៦ ខែមិថុនា)។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា បុរសមួយចំនួនត្រូវបានកាត់ទោសពីបទល្មើសភេរវកម្ម ហើយត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដ៏សាហាវលើសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ កាលពីខែមីនាកន្លងទៅ។
អ្នកចាប់ចំណាប់ខ្មាំងទាំង ៦នាក់ ក្នុងនោះមានម្នាក់ពាកក្រណាត់រុំក្បាលមានទង់ជាតិប្រើដោយក្រុមរដ្ឋឥស្លាម ដែលចារជាភាសាអារ៉ាប់ បានគោះរនាំងបង្អួច ហើយបានឡើងទៅជាន់មួយចំនួនដោយខ្សែពួរ មុនពេលចាប់អ្នកយាមធ្វើជាចំណាប់ខ្មាំង ដោយប្រើកាំបិត និងពូថៅរបស់អ្នកពន្លត់អគ្គិភ័យ។
ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយប៉ុស្តិ៍តេឡេក្រាម 112 ម្នាក់ត្រូវបានឃើញថា កំពុងកាន់ និងគ្រវីកាំបិតក្បែរឆ្មាំជាប់ចំណងម្នាក់ ក្នុងពន្ធនាគា នាទីក្រុង Rostov-on-Don នេះ។ អំឡុងពេលចរចាជាមួយអាជ្ញាធរ ពួកគេទាមទារឲ្យមានការដោះលែងចេញពីពន្ធនាគារនោះ។
ប៉ុន្តែកងកម្លាំងពិសេសរុស្ស៊ី បានសម្រេចចិត្តសម្រុកចូលពនញធនាគារនោះ។ សំឡេងនៃការបាញ់កាំភ្លើងស្វ័យប្រវត្តិយ៉ាងខ្លាំងក្លា អាចត្រូវបានឮនៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញកម្មវិធីផ្ញើសារតេឡេក្រាមរបស់រុស្ស៊ី។ ហើយរូបភាពពីវីដេអូរបស់ប៉ុស្តិ៍តេឡេក្រាម 112 បង្ហាញពីការស្លាប់របស់ជនទាំង ៦រូប នៅក្នុងថ្លុកឈាម៕