
ប្រទេសចិនបានប្រតិកម្មតបវិញ នៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បន្ទាប់ពីមេដឹកនាំនៃក្រុមប្រទេសទាំង៧ (G7) បានព្រមានក្រុងប៉េកាំងឲ្យបញ្ឈប់ការបញ្ជូនគ្រឿងសព្វាអាវុធទៅរុស្ស៊ី ដោយលើកឡើងថា សេចក្តីថ្លែងការណ៍បញ្ចប់នៃកិច្ចប្រជុំកំពូលរបស់ពួកគេ គឺ «ពោរពេញដោយភាពក្រអឺតក្រទម អគតិ និងការកុហក»។
នៅពេលដែលមេដឹកនាំរបស់ G7 បានជួបប្រជុំគ្នា កាលពីសប្តាហ៍មុន នៅប្រទេសអ៊ីតាលី ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ក៏ដូចជាភាពតានតឹង នៅអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង គឺជាចំណុចផ្តោតសំខាន់នៃការពិភាក្សារបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល កាលពីថ្ងៃទី១៤ ខែមិថុនាបានរិះគន់ប្រទេសចិនលើបញ្ហាជាច្រើន។ សេចក្ដីថ្លែងការណ៍នោះ រាប់បញ្ចូលទាំងការចោទប្រកាន់លើទីក្រុងប៉េកាំងថា បានបញ្ជូនសម្ភារៈប្រើប្រាស់បានទាំងស៊ីវីល និងយោធា ទៅឲ្យប្រទេសរុស្ស៊ី ដែលប្រទេសទាំង៧ នេះ បាននិយាយថា កំពុងជួយដល់កិច្ចប្រឹងប្រែងសង្គ្រាម នៅអ៊ុយក្រែន។
នៅថ្ងៃទី១៧ ខែមិថុនានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា សេចក្តីថ្លែងការណ៍នេះ បាន «បង្កាច់បង្ខូច និងវាយប្រហារប្រទេសចិន»។
លោក Lin បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សេចក្ដីថ្លែងការណ៍នោះ «លើកច្រំដែលៗឡើងវិញនូវគំនិតដែលមិនមានមូលដ្ឋានជាក់ស្តែង គ្មានមូលដ្ឋានច្បាប់ និងគ្មានយុត្តិកម្មខាងសីលធម៌ ហើយពោរពេញដោយភាពក្រអឺតក្រទម អគតិ និងការកុហក»។
គួរបញ្ជាក់ថា ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ខ្លាំងជាងគេទាំង៧ ឬ G7 នេះ ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ជប៉ុន បារាំង អាឡឺម៉ង់ កាណាដា អង់គ្លេស និងអ៊ីតាលី ក៏បានផ្ដោតខ្លាំងលើអ្វីដែលខ្លួនហៅថា «ការលុកលុយដ៏គ្រោះថ្នាក់» ដោយប្រទេសចិន នៅសមុទ្រចិនខាងត្បូងផងដែរ៕