ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចុះអនុវត្តបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សចំនួន ៨នាក់ និងបានបញ្ជូនទៅកាន់តុលារការចាត់ការតាមនីតិវិធីច្បាប់ ខណៈមនុស្សចំនួនជាង ២៥០០នាក់ផ្សេងទៀត បានធ្វើការអប់រំ និងពិន័យ ។
ក្នុងសេចក្តីជូនដំណឹងស្តីពី លទ្ធផលអនុវត្តនូវវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការអនុវត្តវិធានការច្បាប់ កាលពីយប់ថ្ងៃទី១៦ ខែសីហា បានចំនួន ១ ១៩៦ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ២ ៥៤០នាក់ ធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ១៤ ២០០ ០០០រៀល រួមទាំងឃាត់រថយន្តចំនួន ១ ១៦៦គ្រឿង ។
គួរបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមគោចរចំនួន ១៤ថ្ងៃបន្ថែមទៀត ចាប់ពីទី១៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី ។
ទន្ទឹមនឹងការដាក់បំរាមគោចរ នៅរាធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កាលពីថ្ងៃទី១៦ ខែសីហា ក្រសួងសុខាភិបាល ក៏បានជូនដំនឹងពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាត្វព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ។
សេចក្តីជូនដំណឹងបន្តថា ដោយខេត្តទាំងអស់នេះ ត្រូវបានកំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដោយអនុវត្តចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំនឹងជាថ្មី ៕

