
របាយការណ៍របស់រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បានឲ្យដឹងថា ការនាំចេញផ្នែកការពារជាតិរបស់ប្រទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុត ១៣,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយលើកឡើងពីកិច្ចសន្យារាប់រយដែលត្រូវបានចុះហត្ថលេខា នៅក្រុមហ៊ុនការពារជាតិជាច្រើន។
ក្រសួងការពារជាតិបានប្រាប់ឲ្យដឹងថា ៣៦ភាគរយនៃការនាំចេញ បានមកពីគ្រាប់មីស៊ីល រ៉ុក្កែត និងប្រព័ន្ធការពារដែនអាកាស តាមមកដោយរ៉ាដា និងសង្គ្រាមអេឡិចត្រូនិក ស្ថានីយអាវុធ ហើយនិងឧបករណ៍បាញ់បង្ហោះ ដោយនីមួយៗ មានកម្រិត ១១ភាគរយ ខណៈយន្តហោះមានអ្នកបើក និងឧបករណ៍បច្ចេកវិទ្យាយន្តហោះ មានកម្រិត ៩ភាគរយ។ ការនាំចេញផ្នែកការពារជាតិដែលមានតម្លៃសរុប ១២,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ បានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ ក្រសួងបាននិយាយថា ការនាំចេញផ្នែកការពារជាតិ បានក្លាយជាអាទិភាពចម្បងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ-យុទ្ធសាស្ត្រទូទាំងពិភពលោក ចូលទៅក្នុងទីផ្សារថ្មី ដករបាំងការិយាធិបតេយ្យ និងកាត់បន្ថយបទប្បញ្ញត្តិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yoav Gallant បាននិយាយថា៖ «ខណៈពេលដែលឧស្សាហកម្មរបស់យើងផ្តោតជាចម្បងលើការផ្តល់នូវការបង្កើតផ្នែកការពារជាតិជាមួយនឹងសមត្ថភាពគាំទ្រដល់កងទ័ពរបស់យើង និងការពារប្រជាពលរដ្ឋរបស់យើង។ ឧស្សាហកម្មនោះក៏កំពុងបន្តស្វែងរកផ្នែកនៃកិច្ចសហប្រតិបត្តិការ និងការនាំចេញទៅកាន់ដៃគូអន្តរជាតិផងដែរ»៕