
រដ្ឋមន្ត្រីការបរទេសន័រវ៉ែស លោក Espen Barth Eide នៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន អាចនឹងដួលរលំនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយលើកឡើងពីការខ្វះខាតថវិកា ការបន្តមានអំពើហិង្សា និងការណ៍ដែលថា ប្រជាជនប៉ាឡេស្ទីនកន្លះលាននាក់ មិនត្រូវបានឲ្យចូលធ្វើការក្នុងប្រទេសអ៊ីស្រាអែល។
លោក Barth Eide បានប្រាប់សារព័ត៌មាន Reuters ថា៖ «ស្ថានភាពនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់។ អាជ្ញាធរប៉ាឡេស្ទីន ដែលពួកយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយ កំពុងប្រាប់យើងថា ពួកគេអាចនឹងដួលរលំនៅរដូវក្តៅនេះ»។
លោកបានបន្ថែមថា៖ «ប្រសិនបើអាជ្ញាធរដួលរលំ អ្នកអាចបញ្ចប់ដោយការមានតំបន់ហ្កាហ្សាមួយទៀត ដែលវានឹងជារឿងដ៏គួរឲ្យភ័យខ្លាច សម្រាប់មនុស្សគ្រប់គ្នា ក្នុងនោះរួមទាំងប្រជាជនអ៊ីស្រាអែលផងដែរ»។
គួរបញ្ជាក់ថា ប្រទេសន័រវ៉ែសធ្វើជាប្រធានក្រុមផ្តល់ជំនួយអន្តរជាតិដល់ប៉ាឡេស្ទីន និងជាអ្នកគាំទ្រដល់អាជ្ញាធរប៉ាឡេស្ទីន៕