ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដែលកិច្ចជំនួបនេះ បានផ្តោតលើសេចក្តីថ្លែងការណ៍រួម ស្តីពីការមិនដាក់ទោសទណ្ឌជាសកលលើអ្នកស្រឡាញ់ភេទដូចគ្នា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Jacques Pellet និង គណៈប្រតិភូ និងបានរម្លឹកពីការចូលរួមអបអរសាទរ Pride Month ជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Jacques Pellet បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបពិភាក្សាការងារ។ ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីការមិនដាក់ទោសទណ្ឌជាសកលលើអ្នកស្រឡាញ់ភេទដូចគ្នា គ្រោងនឹងប្រកាសនៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេស ជាច្រើនលើសកលលោកបានបញ្ឈប់ការដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នា ហើយថ្មីៗនេះ ប្រទេសចំនួន១៣បន្ថែមទៀត បានបញ្ឈប់ការដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នាផងដែរ។
សូមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាពុំមានការដាក់ទោសទណ្ឌចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ លើសពីនេះ តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដាស់តឿនកុំ ឱ្យមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា៕ ដោយ ៖ ឧត្ដម






