បាល់ទាត់៖ លោក អ៊ុក សុធី គ្រូបង្វឹកក្រុមសូលទីឡូអង្គរបានបញ្ជាក់ថា នឹងផ្លាស់ប្ដូរយុទ្ធសាស្ដ្រមួយចំនួននៅជុំទី២ ពិសេសផ្ដោតលើការប្រយុទ្ធជាងការការពារ ស្របពេលការប្រកួតសេសសល់ក្នុងជុំទី១ ត្រូវបានលោកចាត់ទុកជាការប្រកួតផ្ដាច់ព្រ័ត្រទាំងអស់ ដើម្បីស្វែងរកពិន្ទុ និងគេចពីតំបន់ត្រូវកាត់ចេញ។

គ្រូបង្វឹកវ័យក្មេងរូបនេះបានលើកឡើងថា លោកសប្បាយចិត្តដែលបានមកដឹកនាំក្រុមលីគកំពូលលើកដំបូង ទោះបីក្រុមខ្លួនធ្វើពុំទាន់បានល្អ ប៉ុន្ដែក៏មានចំណុចរីកចម្រើនផងដែរ ពិសេសប៉ុន្មានប្រកួតចុងក្រោយ។ ដូច្នេះលោកនឹងពង្រឹងបន្ថែមទៀតដើម្បីស្វែងរកពិន្ទុពីការប្រកួតសេសសល់ក្នុងជុំទី១ ខណៈជុំទី២ នឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ពិសេសការផ្លាស់ប្ដូរយុទ្ធសាស្ដ្រដោយផ្ដោតលើការប្រយុទ្ធជាងការការពារតែម្ដង។ គួរដឹងដែរថា លោក អ៊ុក សុធី ត្រូវបានថ្នាក់ដឹកនាំសូលទីឡូអង្គរ តែងតាំងជាគ្រូបង្គោលថ្មីជំនួសអតីតគ្រូបង្វឹកជនជាតិអង់គ្លេស Darren Pomroy កាលដើមខែកក្កដា។
ក្រោមការដឹកនាំរបស់កីឡាករភ្នំពេញក្រោន និងជាគ្រូជំនួយក្រុមជម្រើសជាតិរូបនេះ សូលទីឡូអង្គរនៅមិនទាន់ស្គាល់ឈ្នះនោះទេ ប៉ុន្ដែលោកបានដឹកនាំដណ្ដើមបាន ១ពិន្ទុដំបូងគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតស្មើក្រុមខ្លាំងណាហ្គាវើលដ៏ ៣-៣ កាលពីថ្មីៗ។ បច្ចុប្បន្នសូលទីឡូអង្គរកំពុងឈរបាតតារាង និងមាន ១ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៩ប្រកួតស្មើ ១ និងចាញ់ ៨៕
អត្ថបទ៖ លី ឈុនឡា