លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១១ ខែតុលា ដើម្បីគ្រប់គ្រងយុទ្ធនាការប្រឆាំងក្រុមហាម៉ាស និងក្រុមហេសបូឡា បន្ទាប់ពីការលាលែងរបស់សមាជិកសំខាន់ គឺឧត្តមសេនីយ៍ចូលនិវត្តន៍ បេននីហ្គានស៍ (Benny Gantz)។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា លោក Netanyahu បាននិយាយថា គណៈរដ្ឋមន្ត្រីនេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងចម្រុះជាមួយលោក ហ្គានស៍ តាមសំណើរបស់លោក ដូច្នេះបើ លោក Gantz បានចាកចេញទៅហើយនោះ មិនចាំបាច់មានគណៈរដ្ឋមន្ត្រីទៀតទេ។
ភ្លាមៗបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gantz រដ្ឋមន្ត្រីមួយរូបផ្សេងទៀតដែលគ្មានមុខតំណែក្នុងជួររដ្ឋាភិបាល គឺ អតីតប្រធានបុគ្គលិកកងកម្លាំងការពារជាតិ IDF លោក ហ្គាឌី អ៊ីសិនកុត (Gadi Eisenkot) ក៏បានលាលែងពីគណៈរដ្ឋមន្ត្រីផងដែរ ជាទីដែលលោកបម្រើការជាអ្នកសង្កេតការណ៍មួយរូបក្នុងចំណោមអ្នកសង្កេតការណ៍បីរូប ។

ទាំង លោក ហ្គានស៍ ទាំងលោក អ៊ីសិនកុត បានលើកឡើងពីការបរាជ័យរបស់លោក Netanyahu ក្នុងការបង្កើតយុទ្ធសាស្ត្រសម្រាប់សង្គ្រាមនៅដែនដីហ្កាហ្សា ដែលជាហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកទាំង២។
ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក Biden បានទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដើម្បីជួបមេដឹកនាំអ៊ីស្រាអែល ពិភាក្សាពីវិធានការបន្ថែមទៀតក្នុងការទប់ស្កាត់ការរីកធំនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕
