ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ជាង ៨០០នាក់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងពិធីសំណេះសំណាលឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ថា ការពិនិត្យសុខភាព និងព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់នាថ្ងៃនេះ ជាកម្មវិធីដែលមានសារះសំខាន់បំផុតក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ ដើម្បីធានាឲ្យបាននូវ ការបង្កើនផលិតភាពការងារ កាត់បន្ថយការចំណាយលើការថែទាំសុខភាព បង្កើនសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់ការចូលរួមក្នុងការងារសង្គមសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា "ការកសាងមូលធនមនុស្ស" ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង។ ដូចនេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការសម្រេចបាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសការ ដើម្បីចូលរួមជម្រុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។
ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមេមត់ គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនិងអនុវត្តនូវគោលនយោបាយសំខាន់ៗនៃកម្មវិធីនយោបាយ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជាតិ និងមាតុភូមិកម្ពុជា៕អត្ថបទ៖ កុម្ភៈ