ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្ស ៥ នាក់បានស្លាប់ និង១៥ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដីនៅប្រទេសចិនភាគខាងត្បូង។

ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងទុង ដែលមានប្រជាជនរស់នៅច្រើន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីអាកាសធាតុអាប់អួរជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមអាជ្ញាធរខេត្តថា មនុស្ស ៥ នាក់បានស្លាប់ និង១៥ នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយធម្មជាតិនៅជិតទីក្រុង មីចូវ (Meizhou) កាលពីថ្ងៃចន្ទទី១៧មិថុនា។
ប្រភពខាងលើបានបន្ថែមថាមនុស្ស ១៣ នាក់ទៀតត្រូវបានជាប់ក្នុងទឹកជំនន់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទេ។
ទូរទស្សន៍ CCTV ដដែលបានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាង ១ម៉ឺននាក់ ទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះយ៉ាងឆាប់រហ័ស។
ប្រទេសចិនកំពុងស្ថិតនៅចំកណ្តាលរដូវក្តៅអំឡុងរលកកម្តៅដ៏ខ្លាំង បានគ្របដណ្ដប់ភាគខាងជើង ខណៈភ្លៀងបានស្រោចស្រពភាគខាងត្បូង បង្កជាទឹកជំនន់ និងបំណាក់ដី៕
