ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាសម្ព័ន្ធយោធា ណាតូ (NATO) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង ចិន និងមិត្តផ្សេងទៀត ធ្វើឱ្យកាន់តែមានសារៈសំខាន់សម្រាប់សម្ព័ន្ធភាពឆ្លងមហាសាគរអាត្លង់ទិក ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។

ថ្លែងនៅក្នុងវេទិកាមួយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានរិះគន់ការគាំទ្ររបស់ចិនសម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីផងដែរ ព្រមទាំងការបញ្ជូនគ្រាប់រំសេវរបស់កូរ៉េខាងជើង និងការផ្តល់យានដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើង ស្របពេលលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ក្នុងដំណើរមួយដែលទំនងជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតរវាងកូរ៉េខាងជើង និងរុស្ស៊ី។
លោកបាននិយាយនៅក្នុងវេទិការៀបចំដោយមជ្ឈមណ្ឌល Wilson Center ថា ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងបណ្ដាមិត្តរបស់ខ្លួននៅអាស៊ី ធ្វើឱ្យកាន់តែមានសារៈសំខាន់ដែលយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តរបស់យើងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក៕
