លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា នេះ បានសរសើរប្រទេសកូរ៉េខាងជើង ចំពោះការគាំទ្រយ៉ាងពេញទំហឹង សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តមហាអំណាចអាវុធនុយក្លេអ៊ែរទាំង២។

លោក Putin បានសរសេរនៅក្នុងអត្ថបទមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង KCNA ថា យើងសូមកោតសរសើរយ៉ាងខ្លាំងដែលកូរ៉េខាងជើងកំពុងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន។

លោកបានសរសេរថា ប្រទេសទាំងពីរ ឥឡូវនេះកំពុងអភិវឌ្ឍយ៉ាងសកម្មនូវភាពជាដៃគូពហុភាគីដោយចង្អុលទៅឧទាហរណ៍ ការពិតដែលថារបបក្រុងមូស្គូ និងរបបដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននឹងកំពុង រក្សាខ្សែបន្ទាត់រួម និងជួយការពារគ្នានៅអង្គការសហប្រជាជាតិ។
ក្រុមអ្នកជំនាញបាននិយាយថា សម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្របានរីកដុះដាលចាប់តាំងពីការបង្កើតកូរ៉េខាងជើង បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយបច្ចុប្បន្នគេមើលឃើញថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានខិតជិតគ្នាកាន់តែខ្លាំង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ខណៈលោក Putin កាន់តែឯកោខ្លាំង និងកំពុងស្វែងរកមិត្ត៕
