ពោធិ៍សាត់៖ ដំណើរការសាងសង់អគារសិក្សាថ្មីដ៏ទំនើបកម្ពស់៥ជាន់របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានឈ្មោះថា “អគារមរតកតេជោសែនឌីជីថល” រហូតដល់ពេលនេះសម្រេចបាន៦០ភគរយហើយ ដោយគ្រោងសាងសង់ឱ្យរួចរាលនៅចុងឆ្នាំ២០២៤ នេះបើតាមការលើកឡើងរបស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ។
អគារមរតកតេជោសែនឌីជីថល ដែលកំពុងសាងសង់នេះ មានទីតាំងនៅក្នុងបរិវេណ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានកម្ពស់សរុប២៤.៥ម៉ែត្រស្មើរ និង៥ជាន់ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ បែងចែកជា៧៨បន្ទប់ ក្នុងនោះបន្ទប់សិក្សា២០បន្ទប់ -បន្ទប់ពិសោធន៍ធន់ធ្ងន់១១បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់ -បន្ទប់MOP៤បន្ទប់ -បន្ទប់MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់ ។
ក្រោយសាងសង់រួច “អគារមរតកតេជោសែនឌីជីថល” នឹងមានបំពាក់នូវសម្ភារៈសិក្សា ម៉ាស៊ីនឬឧបករន៍ពិសោធន៍ទំនើបៗ ដែលនឹងជួយបង្កើនសមត្ថភាពវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ខណៈពេលបច្ចុប្បន្នវិទ្យាស្ថានមានលទ្ធភាពបណ្តុះបណ្តាលសិស្សបានត្រឹមតែ៥០០នាក់ក្នុង១ឆ្នាំ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់“អគារមរតកតេជោសែនឌីជីថល”នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា អគារសិក្សាកម្ពស់៥ជាន់ដ៏ទំនើបនេះ ដែលជាការផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាក្តីសង្ឃឹមមួយថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសគឺយុវជនក្នុងខេត្ត អាចចូលរៀនជំនាញ់បច្ចេកទេសផ្សេងៗ ស្របពេលដែលក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ប្រទេសជប៉ុន គ្រោងនឹងបើកដំណើរការរោងចក្រដ៏ធំទី២ របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ នៅស្រុកក្រគរ ដោយត្រូវការបុគ្គលិកជំនាញជាច្រើនពាន់នាក់ចូលបម្រើការងារ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមីនីបៀ និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ កំពុងពិភាក្សាចុះកិច្ចព្រមព្រៀងក្នុងការបណ្តុះបណ្តាលធនធានមនុស្សស្របតាមជំនាញ និងតម្រូវការរបស់ក្រុមហ៊ុន ។ ហើយ“អគារមរតកតេជោសែនឌីជីថល”នេះ ក៏នឹងរួមចំណែក ជួយឱ្យខេត្តពោធិ៍សាត់អាចសម្រេចបានតាមផែនការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ សម្រាប់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ គឺមានផែនការបណ្តុះបណ្តាលចំនួន១២៣៣០នាក់ ក្នុងរយៈពេល៥ឆ្នាំ ។
គួរឱ្យដឹងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ មានបណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ(វគ្គខ្លី) រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្ត សិស្សមានការចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ហើយក្រោយបញ្ចប់ការសិក្សាភាគច្រើនសិស្សមានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រដំឡើងរថយន្តFord រោងចក្រដំឡើងត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី ជាដើម៕ អត្ថបទ៖ ភិរុណ ពៅ

