ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញលើកឡើងថា ការរៀបចំឧទ្យានសាធារណៈបៃតងនឹងជួយបង្កើនសោភ័ណទីក្រុង និងទទួលបានផាសុកភាពជាងមុនសម្រាប់ប្រជាជន។
ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្តែងការពេញចិត្ត និងគាំទ្រនូវគំនិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលចង់ឲ្យតាមបណ្តារាជធានី-ខេត្តមានឧទ្យានសាធារណៈបៃតង។ ក្នុងនោះ ប្រជាពលរដ្ឋលើកឡើងថា ឧទ្យានសាធារណៈបៃតងពិតបង្ហាញពីសារសំខាន់ និងការគិតគូររបស់នាយករដ្ឋមន្រ្តី មិនត្រឹមតែទៅលើសោភ័ណភាពក្នុងមូលដ្ឋាននីមួយៗប៉ុណ្ណោះ ប៉ុន្តែក៏ជាការគិតគូរបន្ថែមលើសុខភាពប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ លើកឡើងទៀតថា ការរៀបចំឧទ្យានសាធារណៈបៃតង គឺបង្កើនសោភ័ណរាជធានីភ្នំពេញកាន់តែប្រសើរជាងមុន ជាពិសេសកាត់បន្ថយជាតិពុលប៉ះពាល់សុខភាពប្រជាពលរដ្ឋ តាមរយៈកំណើន នៃការធ្វើចរាចរណ៍ប្រចាំថ្ងៃផងដែរ។
សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត គិតគូររៀបចំតំបន់ឧទ្យានសាធារណៈបៃតង សម្រាប់ពលរដ្ឋទៅកម្សាន្តប្រកបដោយផាសុកភាព។

ជាក់ស្តែង ប៉ុន្មានឆ្នាំចុងក្រោយនេះតាមបណ្តារាជធានី-ខេត្ត បានរៀបចំសួនសាធារណៈជាច្រើន ដើម្បីសាកសមនឹងទីក្រុងគ្មានសំរាម បរិស្ថានល្អ ដើម្បីបង្កើនបរិយកាសបៃតង ដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈគម្រោងសំណង់លំនៅដ្ឋានអភិវឌ្ឍនានាដែលបានកើនឡើង ត្រូវបានច្បាប់កំណត់ឱ្យរក្សាផ្ទៃដីចំនួន១០ភាគរយក្នុងចំណោមផ្ទៃដីសរុប សម្រាប់រៀបចំលំហសាធារណៈ និងផ្ទៃបៃតង ដូចជាសួនច្បារ និងកន្លែងហាត់ប្រាណជាដើម៕ អត្ថបទ សេក ឧត្តម
