រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបញ្ជាឱ្យចូលធ្វើការវិញសម្រាប់ក្រុមវេជ្ជបណ្ឌិតនៅថ្ងៃអង្គារទី ១៨ ខែមិថុនានេះ ខណៈវេជ្ជបណ្ឌិតជាច្រើនរួមទាំងសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តចូលរួមកូដកម្មរយៈពេលជាច្រើនខែ តវ៉ាប្រឆាំងការបង្កើនចំនួននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ចូ ក្យុង ហុង (Cho Kyoo-hong) បាននិយាយថាប្រហែល ៤ ភាគរយនៃគ្លីនិកឯកជនប្រមាណ ៣៦.០០០ កន្លែង បានជូនដំណឹងដល់រដ្ឋាភិបាលអំពីផែនការបិទទ្វារនៅថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុងការតវ៉ា។

លោក ចូ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ដើម្បីកាត់បន្ថយគម្លាតផ្នែកវេជ្ជសាស្រ្ត ការបញ្ជាឲ្យវិលត្រឡប់ទៅធ្វើការវិញ ត្រូវបានចេញនៅម៉ោង ៩ ព្រឹកថ្ងៃនេះ ។
នៅក្រោមច្បាប់ វេជ្ជបណ្ឌិតដែលផ្គើននឹងបទបញ្ជាមិនព្រមវិលត្រឡប់ទៅធ្វើការវិញ អាចប្រឈមនឹងការព្យួរអាជ្ញាប័ណ្ណរបស់ពួកគេ ឬប៉ះពាល់ផ្លូវច្បាប់ផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមសាស្ត្រាចារ្យពេទ្យជាងពាក់កណ្ដាលនៅសាកលវិទ្យាល័យពេទ្យ Seoul National University បានចេញធ្វើកូដកម្ម ៕