មនុស្សជាង៧៥លាននាក់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ពីរកលកម្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរលកកម្ដៅឆ្ពោះទៅកាន់ភាគខាងកើត ហើយតំបន់ Mid-Atlantic និង New England ទំនងជានឹងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង ៩០ហ្វារិនហៃ។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានមើលឃើញរលកកម្ដៅក្ដៅបំផុតខុសពីអាកាសធាតុក្ដៅផ្សេងៗ រយៈពេលជាង២ថ្ងៃចាប់តាំងពីឆ្នាំ១៩៣៦មក។ ក្រុមមន្ត្រី បានព្រមានជាថ្មីទៀត ដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នជាមុន។

ផ្នែកភាគច្រើននៃតំបន់ភាគខាងលិច និងឦសាន ស្ថិតក្រោមការព្រមានពីការហក់ឡើងសីតុណ្ហភាពក្ដៅខ្លាំង ឬតាមដានយ៉ាងយកចិត្តទុកដាក់។
កម្ដៅដ៏គ្រោះថ្នាក់តែងកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសនៅក្នុងទីក្រុង ហ្វូនិក (Phoenix) ជាទីដែលមនុស្ស ៦៤៥នាក់ បានស្លាប់ ទាក់ទងនឹងអាកាសធាតុក្ដៅក្នុងឆ្នាំ២០២៣ ។
សីតុណ្ហភាព នៅទីនោះបានហក់ឡើងខ្ពស់ដល់១១២ ហ្វារិនហៃ ស្មើនឹង៤៤,៤អង្សាសេ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ។
មន្ត្រីព្យាករអាកាសធាតុ បាននិយាយថា រយៈពេល២សប្ដាហ៍ដំបូងនៃខែមិថុនានេះ នៅក្នុងទីក្រុងហ្វូនិក រដ្ឋ អារីហ្សូណា បានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន៕