ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ់ បុកស្នូកឃ័រ និងចាក់បាល់ផងនោះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនមកកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តការសាកសួរចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងល្បែងមួយកន្លែង ដែលជ្រកកោនក្រោមស្លាកយីហោបាល់ទះ នៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ក្នុងដីឡូតិ៍លេខ០៥ ភូមិ០៥ តាមបណ្ដោយផ្លូវលេខ៩៨ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំផ្ទាល់ ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ប្រមូលកម្លាំងចម្រុះចុះឆ្មក់ឆាប់ទីតាំងល្បែងដុះស្លែមួយកន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទះ នៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះស្រី២នាក់ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿងបញ្ជូនទៅរក្សាទុកផងដែរ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថា នៅទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ បុកស្នូកឃ័រ និងចាក់បាល់ផងនោះ ។
លោកក៏បានចុះដឹកនាំផ្ទាល់ឆ្មក់បង្ក្រាបជាក់ស្តែងដោយឲ្យក្រុមកម្លាំងស្លៀកពាក់ឯកសណ្ឋានការពារការវីរុស ដោយរង្វង់ប្រតិបត្តិការគឺឃាត់មនុស្សចំនួន៣២នាក់ ព្រមដកហូតវត្ថុតាងដែលប្រព្រឹត្តល្បែងស៊ីសង រួមទាំងម៉ូតូចំនួន១៤គ្រឿងផងដែរ ។
លោកបន្តទៀតថា ក្រោយប្រតិបត្តិការនេះ លោកមិនអនុគ្រោះនោះទេពោលគឺចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងព្រមទាំងសហការជាមួយក្រុមគ្រូពេទ្យចុះមកតេស្តរកវីរុស covid-19 ឬ វីរុសបំប្លែងថ្មីប្រភេទdeltaផងដែរ។
បច្ចប្បន្នអ្នកញៀនល្បែងចំនួន១៤នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ៕
អត្ថបទ៖ កុម្ភះ