បុរសជនជាតិឥណ្ឌាម្នាក់ដែលសហរដ្ឋអាមេរិកសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងផែនការមិនជោគជ័យក្នុងបំណងសម្លាប់អ្នកបំបែកខ្លួនសាសនា Sikh នៅលើទឹកដីអាមេរិក បានផ្ដល់ចម្លើយពីភាពគ្មានទោស កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) ចំពោះការចោទប្រកាន់ពីបទសមគំនិតក្នុងករណីជួលធ្វើឃាតកម្ម នៅក្នុងតុលាការសហព័ន្ធ ក្នុងតំបន់ Manhattan។

អំឡុងសវនាការនេះ ជនជាប់ចោទ Nikhil Gupta ក៏ត្រូវបានបញ្ជាឲ្យឃុំខ្លួនផងដែរ។ លោក Gupta ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីសម្លាប់លោក Gurpatwant Singh Pannun ជាពលរដ្ឋអាមេរិកដែលតស៊ូមតិទាមទារអធិបតេយ្យភាពរដ្ឋ Sikh នៅភាគខាងជើងប្រទេសឥណ្ឌា។

កាលពីខែមិថុនាឆ្នាំមុន លោក Gupta បានធ្វើដំណើរពីឥណ្ឌាទៅកាន់ទីក្រុង Prague ហើយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរសាធារណរដ្ឋឆែក។ កាលពីខែមុន តុលាការឆែកបានច្រានចោលញត្តិរបស់ជនសង្ស័យ ដែលស្វែងរកកុំឲ្យបញ្ជូនរូបគេទៅសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆែក លោក Pavel Blazek បាននិយាយថា ជននោះត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក។ កំណត់ត្រាការិយាល័យពន្ធនាគារសហរដ្ឋអាមេរិក បានបង្ហាញថា លោក Gupta វ័យ ៥២ឆ្នាំ ត្រូវបានឃុំខ្លួន នៅមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុង Brooklyn។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា អាជ្ញាធរអាមេរិក បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ បានដឹកនាំផែនការប៉ុនប៉ងធ្វើឃាតលោក Pannun ដែលជាពលរដ្ឋអាមេរិក និងកាណាដា។ ហើយលោក Gupta ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការគ្រោងនោះ៕